Sunday, August 8, 2021

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​បាងកក​(វីដេអូ)

ចំនួនអ្នកទស្សនា : Views


បាងកក​៖​អ្នក​ប្រឆាំង​តវ៉ា​បាន​វិល​ទៅកាន់​ដង​វិថី​សាជា
ថ្មី​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​សីហា​ចំ​ពេល​កំហឹង​កាន់តែ​កើនឡើង​អំពី​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ចំពោះ​ជំងឺ​ឆ្លងកូវី​ដ​១៩​និង​ការខ្វះ​វ៉ាក់សាំង​ផលិត​តាម​បច្ចេកវិទ្យា​mRNA​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ជាតិ​។​


ការប៉ះទង្គិច​បានកើត​មាន​នៅ​ពេល​ប៉ូលិស​បាញ់​គ្រាប់​បែកផ្សែង គ្រាប់កាំភ្លើង​ជ័រ​និង​បាញ់​ទឹក​ដើម្បី​រារាំង​កុំអោយ​បាតុករ​រាប់ពាន់នាក់​រុល​ទៅមុខ​។​

​ដោយ​កាន់​ទង់​ពណ៌​ក្រហម អ្នក​ប្រឆាំង​តវ៉ា ដែល​ខ្លះ​ប្រដាប់​ដោយ​ជំ​ពាម​កៅស៊ូ បាន​ប្រឈម​ជាមួយ​ប៉ូលិស​នៅ​ផ្លូវ ឌី​ន ឌែ​ង ក្នុង​ការប្រឈមមុខគ្នា​អស់​១​ម៉ោង នៅពេល​ហ្វូង​មនុស្ស​មាន​ចាប់ផ្តើម​​ធ្វើដំណើរ​ចេញពី​កន្លែង​ជួបជុំ​នៅ​វិមាន​ជ័យជម្នះ​។​

​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​សៅរ៍ កើត​ឡើង​ក្រោយ​មាន​ការជួបជុំ​មនុស្ស ហ្វូង​រថយន្ត​និង​ទោចក្រយានយន្ត​ជាច្រើន នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ដែល​ធ្វើឡើង​ដោយ​ក្រុម​ជាច្រើន​រួម​មាន​អតីត​សម្ពន្ធ​មិត្ត​​របស់​លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់ អូ​ចា ផង​នៅ​ពេល​ការមិនសប្បាយចិត្ត​កាន់​តែ​កើនឡើង​ជុំវិញ​សភាពការណ៍​កូវី​ដ​១៩​នៅក្នុង​ព្រះរាជាណាចក្រ​នេះ​។​

​ការបង្ក្រាប​លើ​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ស្តេច​ក៏​ពន្យុះ​ភ្លើងកំហឹង​ផងដែរ​។​

​អ្នក​តវ៉ា​វ័យ​២១​ឆ្នាំ​ម្នាក់​បាន​និយាយថា « បើ​ខ្ញុំ​មិន​ចេញ​មក​នៅ​ថ្ងៃនេះ​ដើម្បី​តវ៉ា​ទេ ខ្ញុំ​នឹង​ជាប់​ក្នុង​រដ្ឋាភិបាល​នេះ ។​កូវី​ដ​១៩ បាន​បើក​ភ្នែក​របស់​ខ្ញុំ​អោយឃើញថា វា​មិន​បាន​ប្រសើរ​ឡើង​ទេ​​ជាមួយ​រដ្ឋាភិបាល​នេះ​»​។​

​ពួក​មេដឹកនាំ​បាតុកម្ម​ក៏​បាន​បញ្ជាក់​ឡើងវិញ​ការទាមទារ​៣​ចំណុច​ដែល​បាន​ធ្វើឡើង​ក្នុង​បាតុកម្ម​មុនៗ​។​ការទាមទារ​ទី​១ គឺ​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចុះចេញ​ពី​តំណែង ទី​២​បង្វែរ​មូលនិធិ​សំរាប់​​ព្រះមហាក្សត្រ​និង​យោធា​មក​កាន់​ការងារ​ប្រឆាំង​កូវី​ដ​១៩ និង​ចុងក្រោយ អោយ​រដ្ឋាភិបាល​ប្រើ​វ៉ាក់សាំង​កូវី​ដ​១៩​ផលិតា​ម​បច្ចេកវិទ្យា​mRNA​នៅក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជាតិ​។​

​សូមបញ្ជាក់​ថា វ៉ាក់សាំង​ធំ​២​ដែល​ថៃ​កំពុង​ចាក់អោយ​ប្រជាជន​សព្វថ្ងៃ​គឺ​Sinovac​និង AstraZeneca​។​

​ផែនការ​ចេញដំណើ​ររ​បស់​ពួក​បាតុករ​ពី​វិមាន​ប្រជាធិបតេយ្យ​ទៅកាន់​វិមាន​រដ្ឋាភិបាល​និង​ព្រះបរមរាជវាំង​ក្នុង​ក្រុង​បាងកក​ត្រូវ​បាន​ធ្វើអោយ​បរាជ័យ​ដោយសារ​តែ​វត្តមាន​ប៉ូលិស​ច្រើនពេក​។​ពួក​​អ្នករៀបចំ​មកពី​ក្រុមយុវជន​សេរី បន្ទាប់មក​បាន​ដូរ​ចំណុច​ជួបជុំ​ទៅកាន់​វិមាន​ជ័យជម្នះ​វិញ​។​ក្នុងអំឡុងពេល​តវ៉ា​ប្រឆាំង​ដែល​បាន​បញ្ចប់​ត្រឹម​ម៉ោង​៦​ល្ងាច រថយន្ត​ប៉ូលិស​១​ត្រូវ​បាន​ដុត​បំផ្លាញ និង​អ្នកប្រឆាំង​តវ៉ា​១៤​នាក់​ត្រូវបាន​ចាប់ខ្លួន ។​

​អាជ្ញាធរ​បាន​និយាយថា ប៉ូលិស​ប្រមាណ​៦.០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ធានា​សណ្តាប់ធ្នាប់​សាធារណៈ​និង​សន្តិសុខ​។​

​រដ្ឋាភិបាក​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​អោយ​ពួក​បាតុករ​គិត​អំពី​សុ​វត្ដិភាព​របស់គេ គ្រួសារ​គេ​និង​សហគមន៍ ហើយ​មាន​ព្រមាន​ថា ពួក​អ្នក​ប្រឆាំង​តវ៉ា​អាច​ត្រូវ​ជាប់គុក​ឬ​ពិន័យ​ប្រាក់​ដោយ​សារ​​តែ​បំពាន​បទបញ្ជា​ហាម​ជួបជុំ​មនុស្ស​ច្រើន​៕