Friday, August 27, 2021

កែសម្រួល ដើម្បី​ជំរុញ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​

ចំនួនអ្នកទស្សនា : Views

 


ភ្នំពេញ​: កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ កម្ពុជា បានចេញ​បទបញ្ជា​ដាច់​ណាត់ ឱ្យ​កែសម្រួល​ជាបន្ទាន់ ជុំវិញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​កម្ពុជា​។ ពោលគឺ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន មិនត្រូវ​ទុក​វ៉ាក់សាំង ក្នុង​ឃ្លាំង ខណៈដែល​កម្ពុជា​យើង សព្វថ្ងៃ មាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​តាម​ផែនការ ១៣​លាន​នាក់​នោះទេ​។​

​បទបញ្ជា​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន រកឃើញថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ នៅ​ខេត្ត​ជាច្រើន ហាក់ដូចជា​យឺតយ៉ាវ​ខ្លាំង ខណៈ​វ៉ាក់សាំងមាននៅ​ក្នុង​ឃ្លាំង​គ្រប់គ្រាន់​។​

​ក្នុង​សារ​សំឡេង មាន​រយៈពេល​ជាង ១៨​នាទី សម្តេច​តេ​ជោ ហ៊ុន សែន បាន​កត់សម្គាល់ថា មកដល់​ថ្ងៃនេះ មាន​ខេត្ត​មួយចំនួន ចាក់​វ៉ាក់សាំង បាន​តិច ដូចជា ខេត្តកំពង់ឆ្នាំង ត្បូងឃ្មុំ និង​ខេត្តពោធិ៍សាត់ ហើយ​ខេត្ត​ទាំងបីឡើងមក​យក​វ៉ាក់សាំងទាំងយប់ នៅ​ភ្នំពេញ​។ ក្នុងនោះ ខេត្តរតនៈគិរី ចាក់​វ៉ាក់សាំង បាន​ច្រើនជាង​ផែនការ​គ្រោងទុក ដែល​ត្រូវតែ​យក​ធ្វើជា​គំរូ​។

​សម្តេច​តេ​ជោ បានដាក់​ចេញ​នូវ​បទបញ្ជា ឱ្យ​អភិបាលខេត្ត​រាជធានី​ទាំងអស់ ត្រូវ​ចាត់ទុក​កិច្ចការ​ប្រឆាំង​កូ​វីដ​១៩ ជា​កិច្ចការ​អាទិភាព​ទី​១ គឺ​ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​រាជរដ្ឋាភិបាល លើ​បញ្ហា​ការចាក់​វ៉ាក់សាំង ដែលជា​គោលនយោបាយ​អាទិភាព​ធំ​បំផុត​របស់​យើង នៅពេលនេះ​។​

​សម្តេច ហ៊ុន សែន ហាម​ដាច់ខាត មិន​ឱ្យមាន​វ៉ាក់សាំង ដេក​នៅក្នុង​ឃ្លាំង ក្នុងពេលដែល​ប្រជាជន ខ្វះ​វ៉ាក់សាំង​ចាក់​នោះទេ​។ ពេលនេះ វ៉ាក់សាំង មាន​គ្រប់គ្រាន់ ដែល​ត្រូវតែ​ជំរុញ​ឱ្យទៅដល់​គោលដៅ ហើយ​ក្រសួងការពារជាតិ និង​កងទ័ពអាកាស ត្រូវ​ប្រើ​ឧទ្ធម្ភាគចក្រ ដឹក​វ៉ាក់សាំង ទៅ​ខេត្ត​ឆ្ងាយៗ​។​

​សូម​រម្លឹកថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៥ ០៩៥ ១០០​ដូ​ស ( វ៉ាក់សាំង​ចិន ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម ច្រើនជាងគេ រហូតដល់ ២២ ៣០០ ០០០​ដូ​ស ) រួមមាន​៖ ១-​វ៉ាក់សាំង​ចិន Sinovac និង Sinopharm សរុប ២២ ៣០០ ០០០​ដូ​ស ( ១៨ ៥០០ ០០០​ដូ​ស ជា​ការបញ្ជាទិញ និង ៣ ៨០០ ០០០​ដូ​ស ជា​ជំនួយ ) ហើយ Sinovac ចំនួន ១៤ ៥០០ ០០០​ដូ​ស និង Sinopharm ៧ ៨០០ ០០០​ដូ​ស​។ ២-AstraZeneca ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ផលិត​នៅ​ឥណ្ឌា ៣២០ ០០០​ដូ​ស​។ ៣-AstraZeneca ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ១ ០០០ ០០០​ដូ​ស​។ ៤-AstraZeneca ជា​ជំនួយ​របស់​អង់គ្លេស ៤១៥ ០០០​ដូ​ស​។ ៥-Johnson & Johnson ជា​ជំនួយ​របស់​អាមេរិក ១ ០៦០ ១០០​ដូ​ស​។​

​គិត​ត្រឹម​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស ចាក់​វ៉ាក់សាំង បាន​ជាង ១០​លាន​នាក់​។ ក្នុងនោះ អាយុ ១៨​ឆ្នាំ​ឡើង ចាក់​វ៉ាក់សាំង​បាន​ជាង ៨​លាន ៨៣​ម៉ឺន​នាក់ និង​កុមារ​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ចាក់​វ៉ាក់សាំង បាន​ជាង ១​លាន ២៣​ម៉ឺន​នាក់​។ តាម​ផែនការ អ្នក​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ត្រូវ​ចាក់​វ៉ាក់សាំង មាន​ចំនួន ១០​លាន​នាក់​។ រី​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ត្រូវ​ចាក់​វ៉ាក់សាំង នៅ​ទូទាំងប្រទេស​មាន​ចំនួន​ប្រមាណជិតពីរលាន​នាក់​។​

​រាជរដ្ឋាភិបាល បាន​លើកឡើងថា យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជុំ​ទី​១ នេះ ត្រូវបាន​រំពឹងថា នឹង​អាច​បញ្ចប់ នៅ​ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ មុន​ផែនការ ដែល​បាន​គ្រោងទុក​។​

​រាជរដ្ឋាភិបាល ចាត់ទុក​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ គឺជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​សំខាន់​មួយ និង​ជា​ខ្សែក្រវាត់​ការពារ​ទី​១ សំខាន់​ជាងគេ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន ក៏ដូចជា ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍ ទប់​ទល់នឹង​មេរោគ​កូ​វីដ​១៩ សំដៅ​ឈាន​ឆ្ពោះទៅ​បើក​ដំណើរការ​ប្រទេសជាតិ​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយនឹង​ជំងឺ​នេះ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

​អ្នកជំនាញ លើកឡើងថា ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ បាន​ឆាប់រហ័ស និង​ទាន់ពេល បាន​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ជាច្រើន តាមរយៈ​ការកាត់បន្ថយ​ករណី​ឆ្លង ករណី​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ និង​ករណី​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ និង​បាន​បញ្ចៀស​កម្ពុជា​ពី​គ្រោះមហន្តរាយ ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ធ្វើ​ឲ្យ​សភាពការណ៍​បច្ចុប្បន្ន​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ស្ថិតក្នុង​កម្រិត​មួយ ដែល​អាច​គ្រប់គ្រង​បាន​។​

​ប៉ុន្តែ​ការរកឃើញ​ជា​បន្តបន្ទាប់​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ ដែល​តា បាន​នាំមក​នូវ​បញ្ហា​ប្រ​ឈាម​ថ្មី​មួយទៀត សម្រាប់​កម្ពុជា ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដោយសារ​មេរោគ​បំប្លែង​ថ្មី​នេះ មាន​សមត្ថភាព ចម្លង​បាន​លឿន​ជាង​មុន និង​មាន​កម្រិត​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ព្រមទាំង​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​បាន​។​

​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ ដែល​តា ចំនួន ១៣២៥​នាក់ នៅ ២៣​រាជធានី​ខេត្ត លើកលែងតែ​ខេត្ត​កែប និង​ខេត្តក្រចេះ​។ ក្នុងនោះ ភ្នំពេញ មាន​អ្នក​ឆ្លង​ច្រើនជាងគេ រហូតដល់ ៣៧៥​នាក់​។​

​យ៉ាងណាក៏ដោយ មកដល់ពេលនេះ កូ​វីដ ក៏​នៅតែ​បន្ត​ឆ្លង​រាលដាល​រៀងរាល់ថ្ងៃ នៅ​ទូទាំងប្រទេស ចន្លោះ​ពី​ជាង​៤០០​នាក់ ក្នុង​មួយថ្ងៃៗ​។ ក្នុងនោះ កាលពី​ថ្ងៃទី​២៥ ខែសីហា មាន​អ្នក​ឆ្លង​ថ្មី ចំនួន ៤២៣​នាក់ ជាសះស្បើយ ២៩១​នាក់ និង​ស្លាប់ ៦​នាក់​។ គិត​ត្រឹម​ថ្ងៃទី​២៦ ខែសីហា នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៩០៩៥៨​នាក់​។ ករណី​ជាសះស្បើយ សរុប​ចំនួន ៨៦៩៩៣​នាក់ និង​ករណី​ស្លាប់​សរុប កើនឡើង​ដល់ ១៨៤១​នាក់​។​

​ដូច្នេះ​នៅពេលនេះ នៅពេល​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​រាជធានី​ខេត្ត ស្វះ​ស្វែងរក​វ៉ាក់សាំង សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​ហើយ គឺ​ដល់​វេន​ត្រូវ​ចាក់ មិន​ថា ដូ​ស​ទី​១ ដូ​ស​ទី​២ ឬក៏​ដូ​ស​ទី​៣ ជា​ដូ​ស​ជំរុញ​នោះទេ គឺ​ម្នាក់ៗ ត្រូវតែ​ស្វះស្វែង ទៅ​ចាក់​វ៉ាក់សាំង ឲ្យ​បាន​គ្រប់ៗ គ្នា ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើងទៅ​។

​មកដល់​ថ្ងៃទី​២៥​សីហា នៅសល់​អ្នក​ចាក់​វ៉ាក់សាំង​តែ​ជាង ២​លាន​នាក់​ទៀត​នោះទេ នឹង​សម្រេច​តាម​ផែនការ ១៣​លាន​នាក់ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នាពេលនេះ​។​

​ទន្ទឹមនឹង​ចាក់​វ៉ាក់សាំង ក៏​តោង​ឲ្យ​ម្នាក់ៗ ត្រូវតែ​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ ជាប់​ជានិច្ច ពិសេស ៣​កុំ និង ៣​ការពារ​។ រីឯ​អ្នក​នៅ​កន្លែង​ព​បិទ​ខ្ទប់ ក៏​ត្រូវតែ​អត់ធ្មត់​បន្ត ហើយ​ចូលរួម​គោរព និង​អនុវត្ត​នូវ​វិធានការ​ទាំងនោះ ធ្វើយ៉ាងណា ចូលរួម​ទប់ស្កាត់ និង​កាត់ផ្តាច់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​យើង​៕