Saturday, August 21, 2021

ក្នុងរយ:ពេល ៧ខែ ឆ្នាំ២០២១មកនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួនជាង ១,៧០០គ្រួសារ !

ចំនួនអ្នកទស្សនា : Views

 


សៀមរាប៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានធ្វើសកម្មភាព រយ:ពេល ៧ខែដើម ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តម សម្រេចបានផ្ដល់អំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ជាជម្រក ស្បៀងអាហារ និងសម្ភារ:ផ្សេងៗ សរុបចំនួន១,៧៨៤គ្រួសារ ក្នុងនោះសម្រាប់គ្រួសារងាយរងគ្រោះចំនួន ១,៣៨៥គ្រួសារ រួមមាន ៖ គ្រួសារក្រីក្រចំនួន ៥១៦គ្រួសារ, ស្រ្តីមេម៉ាយ ចំនួន ១គ្រួសារ, ជនចាស់ជរាចំនួន ២៩នាក់, អ្នកជម្ងឺរ៉ាំរ៉ៃចំនួន ៨នាក់, ជនពិការចំនួន ៨នាក់, ម្ដាយទើបសម្រាលកូនចំនួន ១១១នាក់, សង់ផ្ទះមនុស្សធម៌ចំនួន ៣ខ្នង, ឧបត្ថម្ភដល់វត្តអារាមបានចំនួន ៤វត្ត, ប្រជាពលរដ្ឋក្នុងមណ្ឌលចត្តាឡីស័កចំនួន ២១៧នាក់, ក្មេងកំព្រា និងកុមារគ-ថ្លង់បានចំនួន ៤៨៨នាក់ ព្រមទាំងបានផ្ដល់ថវិកាជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជូនមាតាទើបសម្រាលកូនតាមមណ្ឌលសុខភាពចំនួន២ និងនៅពន្ធនាគារចំនួន១ សរុបចំនួន ១១០នាក់ ។

ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានជួយដល់គ្រួសាររងគ្រោះដោយគ្រោះមហន្ដរាយ ដូចជា ៖ខ្យល់កន្ត្រាក់ អគ្គីភ័យ និងឧបទ្ទវហេតុផ្សេងៗ បានចំនួន ៣៩៩គ្រួសារ ក្នុងនោះមាន ៖ រងគ្រោះដោយរលំផ្ទះចំនួន ៧៣ខ្នងផ្ទះ, របើកដំបូលចំនួន ២៤៣ខ្នង របួស ២នាក់, ជនរងគ្រោះដោយរន្ទះបាញ់ស្លាប់ចំនួន ៦នាក់ និង រងរបួសចំនួន ៨នាក់, គ្រោះអគ្គីភ័យចំនួន ២៣ខ្នងផ្ទះ, គ្រោះថ្នាក់ចរាចរណ៍របួសចំនួន ៤នាក់, លង់ទឹកស្លាប់ចំនួន ២៣នាក់, ឆក់ខ្សែភ្លើង ៤នាក់, ចូលរួមសពចំនួន ៥នាក់ និងឧបទ្ទវហេតុផ្សេងៗចំនួន ៨នាក់។ ក្រៅពីនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្ត និងអង្គភាពនគរបាលខេត្ត លើការងារសុវត្ថិភាពចរាចរណ៍ ដោយបានដឹកនាំមន្រ្តីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងសហគមន៍ សិស្សានុសិស្សក្នុងសាលារៀន និងនៅតាមទីសាធារណ:បានចំនួន ២០លើក, បើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ថ្នាក់ខេត្ត ១លើក ដែលរៀបចំដោយក្រសួងសាធារណការនិង ដឹកជញ្ជូន, ចូលរួមវគ្គបណ្ដុះបណ្ដាលពីចម្ងាយ ស្ដីពីសុវត្ថិភាពចរាចរណ៍ និងពិការភាពបាន ២វគ្គ និងបានសង់ជម្រាលគាំទ្រជនពិការចំនួន ១កន្លែង ក្នុងសាលារៀនផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ​ កុសល