Wednesday, August 18, 2021

អភិបាលខេត្តបន្ទាយមានជ័យរម្លឹកមន្ត្រីរាជការ ត្រូវតែបម្រើការពារ និងថែរក្សាអ្វី ដែលប្រជា ពលរដ្ឋចង់បានត្រូវការចាំបាច់

ចំនួនអ្នកទស្សនា : Views

 


បន្ទាយមានជ័យ: ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងក្រើនរម្លឹកមន្ត្រីរាជការ ត្រូវតែប្រឹងប្រែងធ្វើការបម្រើការពារនិងថែរក្សាអ្វីដែល ប្រជាពលរដ្ឋចង់បាន ត្រូវការចាំបាច់ ឱ្យស័ក្តិសម នូវអ្វីដែលពួកគាត់បានផ្តល់ឱ្យយើង និងគាំ ទ្រធ្វើជាតំណាងរបស់ពួកគាត់នៅគ្រប់កាលៈទេសៈនោះ។

ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញ ប្រកាស លោក ជូ បុត្រ ជាអភិ បាល ស្រុកភ្នំស្រុក ជំនួសលោក យឹម សំណាង ផ្លាស់ទៅជាអភិបាលស្រុកអូរជ្រៅ និងលោក សារាយ ពេត ជាអភិបាល រងស្រុក ភ្នំស្រុក កាលពីរសៀលថ្ងៃ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ ២០២១។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែង កោតសរសើរ និង វាយតម្លៃខ្ពស់ជុំវិញការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានលះបង់អស់កម្លាំង កាយចិត្ត ក្នុងការចូលរួមជាមួយថ្នាក់ដឹកនាំ ដើម្បីបម្រើជាតិ និងប្រជាជន ពិសេសក្នុងយុទ្ធនា ការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ឯកឧត្តមបានបន្ថែមថា តួនាទីដែលផ្ដល់ជូននាពេល នេះ គឺជាការទទួលខុសត្រូវ ដូច្នេះហើយត្រូវអនុវត្តន៍តួនាទីនេះ ដើម្បីជាប្រយោជន៍ និងផ្តល់ ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងអនុវត្តន៍ច្បាប់ ដោយផ្សាភ្ជាប់សុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

ជាងនេះទៅទៀត ត្រូវបន្តខិតខំធ្វើការងារ ដោយបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃ ក្នុង និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យ សមជាអ្នក បន្តវេនដ៏ល្អ និងឱ្យសមស្របទៅនឹងសម្ភារ បច្ចេកទេស ដែលមានការអភិវឌ្ឍរីក ចម្រើនក្នុង យុគសម័យបច្ចុប្បន្ន។ ត្រូវបន្តការយកចិត្តទុកដាក់ លើកកម្ពស់គុណភាពប្រសិទ្ធភាពការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ដោះស្រាយ បញ្ហា ប្រឈមនានារបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាននីមួយៗ ស្របតាមគោលនយោបាយរាជ រដ្ឋាភិ បាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីរាជការរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវបន្តអនុវត្តន៍ផែនការ ដែលថ្នាក់ដឹកនាំបានដាក់ចុះ និងធ្វើការផ្សព្វផ្សាយឱ្យបាន កាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋពីវិធានការ«៣កុំ៣ការពារ»និងវិធានការនានារបស់ក្រ សួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ- ១៩ ពិសេសមេរោគបំប្លែងថ្មី៕