Thursday, August 12, 2021

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនលោកតា និងលោកយាយអាយុ១០០ឆ្នាំឡើង ចំនួន៤នាក់ នៅខេត្តត្បូងឃ្មុំ ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩

ចំនួនអ្នកទស្សនា : Views

 



ត្បូងឃ្មុំ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ទៅប្រគល់ជូន លោកតា និងលោកយាយ អាយុ១០០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយម្នាក់ៗទទួលបានថវិកាចំនួន៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកតា និងលោកយាយទាំង៤នាក់ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនោះ រួមមាន៖

*ទី១៖ លោកតាឈ្មោះ យ៉ាំ ហយ អាយុ១០០ឆ្នាំ រស់នៅភូមិទី៦ ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ

*ទី២៖ លោកយាយឈ្មោះ កៅ ម៉ាស់ អាយុ១០១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិគរ ឃុំគរ ស្រុកត្បូងឃ្មុំ

*ទី៣៖ លោកតាឈ្មោះ ឡាក់ គិច អាយុ១០១ឆ្នាំ ភូមិលេខបួនកើត ឃុំអំពិលតាពក ស្រុកអូររាំងឪ និង

*ទី៤៖ លោកតា ណឹម ស៉ីម អាយុ១០១ឆ្នាំ រស់នៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ។

បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ បើគិតចាប់ពីថ្ងៃចាប់ផ្ដើម ចាក់វ៉ាក់សាំងការពារកូវីដ១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ រហូតមកដល់ថ្ងៃទី១១ ខែសីហានេះ មានលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង សរុបចំនួន ៦នាក់ហើយ ដែលទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

ដោយឡែក ប្រជាពលរដ្ឋដែលបានមកទទួលវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តត្បូងឃ្មុំ អ្នកចាក់វ៉ាក់សាំងដូសទី១ មានចំនួន ជាង១៨០.១១១នាក់ហើយ និងដោយឡែកអ្នកកំពុងបានចាក់វ៉ាក់សាំងដូសលើកទី២ បានចំនួន ៥៩.២០៩នាក់ផងដែរ៕

លោកហ៊ាង ចាន់ថា ខេត្តកំពង់ចាម