Sunday, July 25, 2021

ឯកឧត្តម ខៀវ កាញារីទ្ធនិងលោកជំទាវ ប្រគេនទៀនវស្សាដល់វត្ត លង្កាព្រះកុសុមារាម

ចំនួនអ្នកទស្សនា : Views


ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន បាននាំយកទៀនព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេន សម្ដេច ព្រះ ធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់ បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីប្រើប្រាស់ពេលចូលព្រះវស្សា ក៏ដូចជាតបទៅនឹងតម្រូវការចាំបាច់នៃដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ។

នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្សុី បានប្រគេនទៀនព្រះវស្សា ទេយ្យទាន បច្ច័យ ១ ពាន់ដុល្លារ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តលង្កាព្រះកុសុមារាម ក្នុងរដូវកាលចូលព្រះវស្សារយៈពេល ៣ខែ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះពុទ្ធសាសនា និងព្រះសង្ឃ ដែលគង់ចាំព្រះវស្សាដើម្បីសិក្សារៀនសូត្រ ធម៌វិន័យក្នុងទីអារាម។

ជាមួយនេះ ឯកឧត្ដមនិងលោកជំទាវក៏បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ២០០ ដុល្លារ ប្រគេនព្រះសង្ឃ២០ អង្គដែលនិមន្តចូលរួមក្នុង ១ អង្គ ៥ មុឺនរៀល តាជី យាយជី ក្នុងម្នាក់ៗ ២ មុឺនរៀល កូនសិស្ស ក្នុងម្នាក់ ២ មុឺនរៀល ។

នៅក្នុងឱកាសនោះ សម្តេច ព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង លោកជំទាវ ទេព រង្ស៊ី និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ហើយបានប្រទានពរ ដល់ឯកឧត្ដមនិងលោកជំទាវ សូមបានសមប្រកបនូវព្រះពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា តាមរយៈឯកសារពុទ្ធប្រវត្តិ បានបង្ហាញថា តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ ខែ ។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។ ប្រជាពលរដ្ឋដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព។

បុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ ក្នុងអំឡុងពេល៣ខែនេះ បងប្អូនដែលមានទម្លាប់គោរព ព្រះពុទ្ធសាសនា និយមធ្វើម្ហូប នំចំណី មកប្រគេនព្រះសង្ឃជាបន្តបន្ទាប់ក្នុង អំឡុងពេលគង់ចាំព្រះវស្សានេះ ៕