Saturday, July 24, 2021

រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៩៩នាក់, ព្យាបាលជាសះស្បើយ ១១០នាក់ និងស្លាប់ ២នាក់

ចំនួនអ្នកទស្សនា : Views

ខេត្តសៀមរាប: ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានដោយជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៩នាក់, ព្យាបាលជាសះស្បើយ ១១០នាក់ និងស្លាប់ចំនួន ២នាក់។

ក្នុងនោះ ករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី៤ ដល់ទី១៧ គឺជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី១៨ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ, ករណីទី១៩ ដល់ទី២២ គឺជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក និងករណីទី២៣ ដល់ទី៤៣ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក ស្រុកអង្គរជុំ។ ជាមួយនឹងនោះ ករណីទី៤៤ ដល់ទី៥១ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ, ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ, ករណីទី៥២ ដល់ទី៥៤ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ, ករណីទី៥៥ ដល់ទី៥៧ ជាករណីឆ្លងបន្តពីអ្នកជំងឺពលករឈ្មោះ ថាំង វណ្ណា និងករណីទី៥៨ ជាករណីឆ្លងបន្តពីសពឈ្មោះ តូច សត្យា។ ចំពោះ ករណីទី៥៩ ដល់ទី៨៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ រីឯ ករណីទី៨៨ ដល់ទី៩៩ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ទន្ទឹមនឹងនោះ ក៏មានព្យាបាលជាសះស្បើយ ចំនួន ១១០នាក់ អ្នកទាំងនោះត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃទៀត។

នៅថ្ងៃនោះដែរ ក៏មានករណីស្លាប់ចំនួន ២ករណីដែរ ដូចមានរាយនាមខាងក្រោម៖ ១- ឈ្មោះ ឡឹម ព្រឿន ភេទស្រី អាយុ៦០ឆ្នាំ អាសយដ្ឋាននៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩៖៤០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

២- ឈ្មោះ ហ៊ុយ សុធាឡៃ ភេទប្រុស អាយុ៤៧ឆ្នាំ អាសយដ្ឋាននៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦៖៥០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣,៦២០នាក់, បានព្យាបាលជាសះស្បើយចំនួន ១,៨៥០នាក់, ស្លាប់ ៣៧នាក់ និង១,៧៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប បានណែនាំល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវរកមេរោគ។

រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប