Wednesday, July 8, 2020

ឧបនាយករដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា អរគុណគ្រប់ដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា : Views



ការថ្លែងអំណរគុណនេះ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។
កិច្ចប្រជុំនេះ ពិភាក្សាលើ៖ ១៖ របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ និង
២៖ ការឆ្លើយតបទៅនឹងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍ លើរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣។
តាមរយៈការរៀបចំជាប្រព័ន្ធវីឌីអូ, កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងជាសមាជិកគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, តំណាងដៃគូអភិវឌ្ឍន៍ (សហភាពអឺរ៉ុប ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការយូនីសេហ្វ) និងតំណាងអង្គការក្រៅរដ្ឋាភិបាល ផងដែរ។
១៖ វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣៖ ការអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០១៩ សម្រេចបានវឌ្ឍនភាពល្អប្រសើរ លើគ្រប់ផ្នែកនៃក្របខណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី៣ ក្នុងនោះ៖
«ភាពជឿទុកចិត្តនៃថវិកា» នៅតែអាចរក្សាបានជាសារវន្ត ដោយសារប្រសិទ្ធភាពនៃការអនុវត្តផែនការប្រមូលចំណូលសម្រេចបាន១៣១% នៃច្បាប់ថវិកាឆ្នាំ២០១៩ ឬស្មើ ២៧,៧៤០ប៊ីលានរៀល និងចំណាយថវិកាជាតិសម្រេចបាន៩៩.០៥% ឬស្មើ ២៣,៤៦៨ ប៊ីលានរៀល។
«ប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុ» ត្រូវបាន និងកំពុងកសាងតាមរយៈ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ នៅគ្រប់អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រតនាគារទាំង ២៥ រាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង២៥រាជធានី-ខេត្ត និងក្រសួង-ស្ថាប័នចំនួន៣៧។
«ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» បាន និងកំពុងផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា តាមរយៈការពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធី ជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ថវិកាជាឧបករណ៍សម្រាប់ ជំរុញការអភិវឌ្ឍតាមវិស័យ។
គិតត្រឹមឆ្នាំ២០១៩, ថវិកាកម្មវិធីត្រូវបានដាក់ឲ្យអនុវត្តគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តចំនួន១៨។ រដ្ឋបាលរាជធានី-ខេត្តផ្សេងទៀត នឹងត្រូវដាក់ឲ្យអនុវត្ត ជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២១។
«សម្រាប់ការត្រៀមខ្លួនជំហានបន្ទាប់ ឬ គណនេយ្យភាពសមិទ្ធកម្ម», ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំច្បាប់ ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុថ្មី, កែសម្រួលអនុក្រឹត្យលេខ៨១អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត-ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈ និងអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ។
ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥, យុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ ២០១៩-២០២៣, យុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការ វិនិយោគសាធារណៈឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ ២០១៩-២០២៣ ។
យុទ្ធសាស្រ្តនីមួយៗ មានផែនការសកម្មភាពលម្អិត ដើម្បីឱ្យការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
* ជាយន្តការសម្រាប់ការគាំទ្រ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយជោគជ័យ និងចីរភាព, ក.ស.ហ.វ. បានបណ្តុះបណ្តាល មន្រ្តីរាជការ នៃ ក.ស.ហ.វ. និងក្រសួង-ស្ថាប័នចំនួន ១,០៥៩រូប លើជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកំពុងរៀបចំការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងរៀបចំផែនការយុទ្ធសាស្រ្តស្តីពីការកសាងនិងអភិវឌ្ឍន៍សមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ។
២៖ ការឆ្លើយតបទៅនឹងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍ លើរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ និងផ្អែកលើរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣, ដៃគូអភិវឌ្ឍន៍ រួមគ្នាបានផ្តល់នូវមតិយោបល់ចំនួន ១៩ សម្រាប់ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដោយគិតគូរពីការលើកកម្ពស់ភាពធន់នៃសង្គម (social resilience) តាមរយៈវិធានការគោលនយោបាយគ្រប់គ្រងវិបត្តិសេដ្ឋកិច្ចនិងសង្គម។
ជារួម, អង្គប្រជុំពិនិត្យឃើញថា ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា មានភាពរឹងមាំក្នុងការបង្ការទប់ស្កាត់វិបត្តិសេដ្ឋកិច្ច ដែលអាចកើតចេញពីកត្តាខាងក្រៅ។
ជាក់ស្តែង, ចំពោះមុខការថមថយនៃកំណើនសេដ្ឋកិច្ចដោយ សារការរីករាលដាលនៃជំងឺកូវីដ-១៩, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំយន្តការឆ្លើយតប ដោយបង្កើតនូវក្រុមការងារចំពោះកិច្ចចំនួន៤ ដើម្បី១៖ រៀបចំគោលនយោបាយថវិកា ហិរញ្ញវត្ថុ និងជំនួយសង្គម, ២៖ គ្រប់គ្រងការផ្គត់ផ្គង់ និងតម្លៃទំនិញយុទ្ធសាស្រ្ត, ៣៖ រៀបចំនិងគ្រប់គ្រងយន្តការជំនួយសង្គម និង ៤៖ រៀបចំកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់។
ទន្ទឹមនឹងការរៀបចំយន្តការក្រុមការងារច្បាស់លាស់, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការគោលនយោបាយចំនួន៤ជុំ ដើម្បីអន្តរាគមន៍ ក្នុងការគ្រប់គ្រងផលប៉ះពាល់ចំពោះមុខ និងរក្សាលំនឹងនៃសេដ្ឋកិច្ចនិងសង្គមរួមមាន៖
១៖ ជួយដល់ក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ អាចបន្តអាជីវកម្មបាន ក្នុងពេលដ៏លំបាកនេះ
២៖ ជួយដល់កម្មករនិយោជិក ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារ ឲ្យមានលំនឹងជីវភាព និងអាចអភិវឌ្ឍន៍ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួន សម្រាប់អនាគត
៣៖ ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ
៤៖ កម្មវិធីជំនួយសង្គម ដើម្បីជួយសម្រាលទុក្ខលំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រ ខ្វះខាត, កម្មវិធីសាច់ប្រាក់ពលកម្ម (cash for work), ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់ យកការងារក្នុងវិស័យថ្មី។
សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២០នេះ, រាជរដ្ឋាភិបាលបានធ្វើវិចារណកម្មថវិកា ដោយផ្តោតអាទិភាពពិសេស លើការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ។ ការធ្វើវិចារណកម្មចំណាយ និងការពង្រឹងប្រសិទ្ធភាពចំណាយនេះ គឺដើម្បីពង្រឹងការគ្រប់គ្រង ចំណាយបន្ទុកបុគ្គលិក ឲ្យបានម៉ឺងម៉ាត់បំផុត ដោយអនុវត្តគោលការណ៍រើសថ្មី ត្រឹមស្មើនឹងចំនួនចូលនិវត្តន៍ ពោលគឺ «រក្សាចំនួនក្របខណ្ឌមន្ត្រីរាជការស៊ីវិល យោធា និងនគរបាល ដូចនៅក្នុងឆ្នាំ ២០១៩» និងធ្វើវិចារណកម្មចំណាយលើមុខសញ្ញាចំនួន ដែលមិនទាន់ចាំបាច់ ឬមិនទាន់ចំាបាច់ខ្លាំង, មិនសូវប៉ះពាល់សកម្មភាពការងារ និងមានសមាសធាតុនាំចូលខ្ពស់ ឬទាំងស្រុង ដើម្បីយកទៅបំពេញមុខចំណាយចំាបាច់ថ្មីៗ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសមាជិកគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួង-ស្ថាប័ន ឲ្យបន្តពង្រឹងការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានស្វាគមន៍ ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះតំណាងដៃគូអភិវឌ្ឍន៍ ដែលជានិច្ចកាលផ្តល់ នូវកិច្ចសហប្រតិបត្តិការល្អ រួមទាំង ផ្តល់ជាជំនួយបច្ចេកទេស និងធនធានហិរញ្ញវត្ថុ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំបំពេញមុខងារ របស់ខ្លួនជាសេនាធិការ ជូន គ.ហ.ស ទាំងការងារដឹកនាំ, សម្របសម្រួល, គាំទ្រ និងត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងប្រចាំត្រីមាស និងប្រចាំឆ្នាំ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងទាំងទិដ្ឋភាពការងារកែទម្រង់ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងមូល៕